គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

កម្ពុជា : ចរន្តជាតិនិយមលើម្ហូបអាហារកំពុងតែដំណើរការ

កាលបរិច្ឆេទ: ១៣ មិថុនា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren

ក្នុងបំណងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានរៀបចំពិព័រណ៍ «ភូមិកសិកម្មខ្មែរ» និងវេទិកា «ជជែកពិភាក្សាអំពីរសជាតិនៃផលិតផលកសិកម្មខ្មែរ»​, កាលពីដើមខែមិថុនាកន្លងទៅនេះ។

ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីបង្កើតចំណងទាក់ទងរវាងកសិករខ្មែរ និងអ្នកប្រើប្រាស់ ជាពិសេសផ្នែកម្ហូបការ និងដើម្បីឱ្យ​អ្នកប្រើប្រាស់ងាកមកចាប់អារម្មណ៍កាន់តែខ្លាំងលើផលិតផលកសិកម្មខ្មែរ។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែត ភ្នំពេញ ប៉ុស្តិ៍។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យរបស់ក្រសួងកសិកម្ម មានប្រសាសន៍ទៅកាន់អ្នកកាសែត ភ្នំពេញ ប៉ុស្តិ៍ យ៉ាងដូច្នេះ៖ «ក្នុងព្រឹត្តិការណ៍នោះដែរ យើងបានបង្កើតឱ្យមានវេទិកាតុមូលដែលជួយជំរុញលើកទឹកចិត្តអ្នកផ្តល់សេវាកម្មម្ហូបអាហារក្នុងស្រុក និងក្រុមហ៊ុនទទួលធ្វើម្ហូបការនានាឱ្យ​ប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក»។

ក្រសួងក៏បានគូសបញ្ជាក់ផងដែរថា បំណងមួយទៀតនៃការរៀបចំព្រឹត្តិការណ៍នេះគឺចង់បណ្តុះឆន្ទៈជាតិនិយម និងចង់ឲ្យមានការគាំទ្រកសិករខ្មែរ ដើម្បីឈានទៅពង្រឹងវិស័យកសិកម្មនៅកម្ពុជា។

ប្រមូលផ្តុំទៅដោយអ្នកចូលរួមមកពីវិស័យផ្សេងៗ ជាពិេសសអ្នកប្រើប្រាស់ និងអ្នកផ្តល់សេវាកម្មម្ហូបអាហារ គេសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងបង្កើតឲ្យមានវេទិកាជជែកពិភាក្សាដ៏រឹងមាំមួយដើម្បីពិភាក្សាគ្នាជុំវិញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុកនៅគ្រប់កម្មវិធីមិនថាជប់លៀង ឬពិធីបុណ្យអ្វីនោះទេ។ នៅក្នុងវេទិកានោះដែរ ក៏មានការលើកឡើងពីមធ្យោបាយធ្វើយ៉ាងណាដើម្បីសម្រេចឲ្យបានគោលដៅ។

«ជាញឹកញាប់ កសិករតែងតែជួបប្រទះបញ្ហាមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅពេលដែលមានការបញ្ជាទិញច្រើន ដោយសារតែពួកគាត់ដាំដំណាំតាមរដូវកាល និងធ្វើការដាំដុះនៅតំបន់ដាច់ស្រយាល»។ នេះក៏ជាចំណុចមួយដែលគេបានលើកយកមកនិយាយនៅក្នុងវេទិកាផងដែរ។

ឧបសគ្គដ៏ធំមួយទៀតនោះគឺ ជារឿយៗនៅពេលប្រមូលផលម្តងៗ តម្លៃកសិផលធ្លាក់ចុះខ្លាំងជាហេតុធ្វើឱ្យកសិករពិបាកនឹងប្រកួតប្រជែងជាមួយទំនិញនាំចូល។ ស្ថានភាពនេះបង្កផលលំបាកទៅដល់កសិករខ្មែរ ជាពិសេសក្នុងការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងលើការកែច្នៃកសិផលរបស់ពួកគាត់។

លោក ហែម ចន្ធូ ទទួលបន្ទុកគម្រោងសំខាន់ «កសិកម្ម និងធនធានធម្មជាតិ» របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅកម្ពុជាកត់សម្គាល់ឃើញមានការរីកចម្រើនលើវិស័យកសិកម្មនៅកម្ពុជា ព្រោះដំណាំមានគុណភាពជាងមុន មានបរិមាណច្រើនជាងមុន និងមានច្រើនមុខជាងមុន។

លោក ចន្ធូ បន្ថែមទៀតថា វិស័យកសិកម្មនៅតែមានសារសំខាន់នៅកម្ពុជា ព្រោះវាតំណាងឱ្យ ២១% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៣ និងផ្តល់ការងារជិត ៩៥% ទៅដល់គ្រួសារដែលរស់នៅតាមជនបទ។

ប៉ុន្តែ បញ្ហាប្រឈមមួយចំនួននៅតែកើតមានឡើងដូចជា ការទទួលបានបច្ចេកទេសទំនើប និងហិរញ្ញវត្ថុនៅមានកម្រិត និងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ជាក់ស្តែងការទទួលបានប្រាក់កម្ចីនៅជនបទមានការលំបាក ព្រោះទាមទារឱ្យ​មានការធានា។

លោកក៏បានគូសបញ្ជាក់ទៀតថា៖ «ដោយមានការចូលរួមពីរដ្ឋាភិបាល និងដៃគូសហការផ្សេងទៀត ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្កើតគម្រោងជាច្រើនដើម្បីជួយផ្តល់ជាវគ្គបណ្តុះបណ្តាលដល់ក្រុម ឬសមាគមកសិករដែលប្រមូលផ្តុំដោយកសិករក្រីក្រជាងគេ ដើម្បីឱ្យពួកគាត់អាចជួយគ្នាទៅវិញទៅមក»។

នៅក្នុងកម្មវិធីនានារបស់ធនាគារក៏មានការជួយឱ្យមានការដាំដុះដំណាំផ្សេងៗគ្នាជាច្រើនមុខ ជួយដល់ការធ្វើអាជីវកម្ម និងការធ្វើកសិកម្មសម្របតាមអាកាសធាតុផងដែរ។ «កម្ពុជា​​ត្រូវតែបន្តពង្រឹងសមត្ថភាពស្ថាប័នដើម្បីបញ្ចូលការសម្របតាមអាកាសធាតុទៅក្នុងគម្រោងអភិវឌ្ឍន៍ និងដើម្បីបង្កើតនយោបាយគាំទ្រការធ្វើកសិកម្មសម្របតាមអាកាសធាតុ»៕